top of page

About Nimith Art Space

អារម្ភកថា

ជនរួមជាតិជាទីគោរព ការថតរូបគឺជាជំនាញផ្នែកសិល្បៈមួយក្នុងចំណោមទម្រង់សិល្បៈទាំងអស់ដែលមាននៅលើពិភពលោកដែលត្រូវបានគេហៅថា៖ (សិល្បៈនៃការថតរូប)។ ជំនាញសិល្បៈនីមួយៗសុទ្ធតែមានសារៈសំខាន់ដោយឡែកផ្សេងៗពីគ្នាក្នុងការបម្រើអោយវិស័យវប្បធម៌ជាតិ។ ស្នាដៃសិល្បៈនីមួយៗសុទ្ធតែកើតឡើងផ្ដើមចេញពីទស្សនវិស័យនិងការស្រឡាញ់របស់សិល្បករ។

 

ដោយសារតែមានចិត្តជុំពាក់ទៅលើវិស័យថតរូបនិងចង់ជួយអោយវិស័យមួយនេះមានសិល្បករដែលមានគុណភាពល្អប្រសើរនិងមាននិរន្តរភាពយូរអង្វែងនៅក្នុងប្រទេសយើង ខ្ញុំពិតជាមានចេតនាចង់បង្កើតអោយមានគ្រឹៈស្ថានអប់រំបណ្ដុះបណ្ដាលជំនាញផ្នែកសិល្បៈនៃការថតរូបមួយដែលមានគុណភាពស្របទៅតាមបទដ្ឋាននិងគុណតម្លៃជាលក្ខណៈសាកលដូចបណ្ដារប្រទេសនានានៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោកផងដែរ។

គ្រឹៈស្ថានសិល្បៈនៃការថតរូបនេះមានគោលបំណផ្ដល់ឱកាសសម្រាប់យុវជនក្រីក្ររគ្មានលទ្ធភាពមកពីគ្រប់ទិសទី ដោយផ្ដល់អោយជាអាហាររូបករណ៍ចូលរៀនដោយមិនបង់ថ្លៃការសិក្សា និងការសម្របសម្រួលផ្សេងៗក្នុងការបង្កើតស្នាដៃសិល្បៈរបស់ខ្លួនអោយបានកើតចេញជារូបរាងឡើងជាស្ថាពរ នៅក្នុងរយៈពេលត្រូវបានកំណត់ជាក់លាក់ណាមួយ ក្រោមការណែនាំនិងចង្អុលបង្ហាញពីសំណាក់អ្នកជំនាញដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យថតរូប។ នៅទីបញ្ចប់នៃការសិក្សាមានការដាក់តាំងបង្ហាញស្នាដៃទាំងនោះនៅទីកន្លែងណាមួយជូនទស្សនិកជន បានទស្សនាជាសាធារណៈផងដែរ។

គ្រឹះស្ថានសិល្បៈនៃការថតរូបនឹងដើរតួរនាទីយ៉ាងសំខាន់ផងដែរក្នុងការស្វែងរកជំនួយពីសប្បុរសជនដើម្បីជួយអោយសិល្បករដែលគ្មានលទ្ធភាពធនធានថវិការក៏ប៉ុន្តែពួកគាត់មានទេពកោសល្យខ្ពស់ខាងវិស័យថតរូប អោយសម្រេចបាននូវក្ដីប្រាថ្នារបស់ខ្លួនដោយជោគជ័យពិតប្រាកដក្នុងការបង្កើតស្នាដៃសិល្បៈ។

ប្រជាជនយើងទាំងអស់គ្នាសុទ្ទតែចង់អោយវិស័យសិល្បៈវប្បធម៌មានការរីកចម្រើន ដូច្នេះការចូលរួមចែករំលែកធនធានថវិការនិងសម្ភារៈរបស់ខ្លួនដើម្បីគាំទ្ររាល់គម្រោងនិងសកម្មភាពទាំងឡាយរបស់គ្រឹះស្ថានសិល្បៈនៃការថតរូបគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយសិល្បករយើងដែលទន់ខ្សោយ

អាចមានលទ្ធភាពប្រើប្រាស់សម្ថភាពនិងទេពកោសល្យសិល្បៈរបស់ពួកគាត់ក្នុងការប្រកួតប្រជែងជាមួយ សិល្បករនៅក្នុងតំបន់ក៏ដូចជានៅក្នុងក្របខ័ណ្ឌពិភពលោកផងដែរ។

វិភាគទានរបស់អស់លោកអ្នកគឺពិតជាមានអត្ថន័យណាស់ក្នុងការរួមចំណែកទ្រទ្រង់និងលើកស្ទួយវិស័យវប្បធម៌ជាតិយើងអោយរីកចម្រើន។

វីរៈសិល្បករខ្មែរគ្រប់ជំនាន់បានបង្កើតស្នាដៃសិល្បៈជាច្រើនបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ជាតិ ដូចជា គំនូរ ចម្លាក់ ក្បាច់រចនា ដន្ត្រី របាំបូរាណ និងសំណង់ស្ថាបត្យកម្មប្រាសាទនានានៅពេញផ្ទៃប្រទេសជាដើម សុទ្ធសឹងតែជាស្នាដៃដ៏ឆ្នើមដែលប្រសូត្រចេញពីសិល្បករខ្មែរត្រូវបានគេគោរពនិងកោតសរសើរនូវភាពល្បីល្បាញពាសពេញសកលលោក ពួកគាត់បានធ្វើរឿងអស្ចារ្យជាច្រើនខាងវិស័យសិល្បៈវប្បធម៌សម្រាប់មនុស្សជាតិ ថែមទាំងបាននាំយកកិត្តិយសជាតិយើងទៅកាន់ឆាកអន្តរជាតិគួរអោយមោទនភាពក្រៃលែង៕

សូមអរគុណ

ភ្នំពេញ ថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៣

សិល្បករ                                                         
ម៉ក់ រ៉េមីស្សា

© 2035 by Nimith Art Space. Powered and secured by NAS 

bottom of page